បុណ្យភ្ជុំបិណ្ឌ

ប្រភព​នៃ​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ

តាម​ដែល​បាន​ស្រាវជ្រាវ​មក​ឃើញ​ថា៖
សាស្ត្រា ឬ​គម្ពីរ​ក្នុង​កម្ពុជរដ្ឋ​នេះ ដែល​ជា​ប្រភព​នៃ​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ មាន ៣ បែប ដូច​បាន​ស្រង់​យក​មក​សំដែង​ដោយ​សង្ខេប
១- សាស្ត្រា​វិជ្ជាធរ មាន​សេចក្ដី​ថា “​ មាន​ព្រះ​មហាថេរ ១រូប ​ឈ្មោះ​ព្រះ​ឧបគុត្តត្ថេរ ​លោក​ហោះ​ជ្រែក​ក្រឡា​មហា​ប្រឹថពី​ទៅ​កាន់​ឋាន​នរក។ ដោយ​អំណាច​ឫទ្ធិ៍​របស់​លោក មាន​ផ្កា​ឈូក​មាស​ប៉ុន​កង់​រាជ​រថ​ផុសឡើង​ទទួល​ព្រះ​បាទ​លោក លោក​ក៏​គង់​ពែន​លើ​ផ្កា​ឈូក​នោះ​អណ្ដែត​លើ​ពពួក​នរក ។ ហេតុ​តែ​អានុភាព​ព្រះ​ថេរៈ ពួក​សត្វ​ពួក​នរក​បាន​ដក​ដង្ហើម​ចេញចូល​ស្រួល​មួយ​ពេល​នោះ ទើប​នាំ​គ្នា​សំពះ​ព្រះ​ថេរៈ ៗ មាន​ព្រះ​ទ័យ​ករុណា​សំដែង​ធម៌​ឲ្យ​ស្ដាប់, កាល​ពួក​សត្វ​នរក​បាន​ស្ដាប់​ធម៌​ហើយ​ក៏​ផ្ដាំ​ព័ត៌មាន​មក​កាន់​ញាតិ​សន្ដាន​របស់​ខ្លួន​ទី​ទៃ ៗ ថា “​ បពិត្រ​ព្រះ​មហា​ថេរ​បើ​ព្រះ​ករុណា​និមន្ត​ត្រឡប់​ទៅ​កាន់​មនុស្ស​លោក​វិញ សូម​មេត្តា​ប្រាប់​ម្ដាយ​ឪពុក​បង​ប្អូន​​កូន​ចៅ ញាតិ​ផៅ​សន្ដាន​របស់​យើង​ខ្ញុំ មាន​ឈ្មោះ​ដូច្នេះ ៗ នៅ​ស្រុក​ឈ្មោះ​នេះ ៗ សូម​ឲ្យ​អាសូរ​ករុណា​មក​ដល់​យើង​ខ្ញុំ​ធ្វើ​បុណ្យ​ឲ្យ​ទាន​ឧទ្ទិស​ផល​មក​ឲ្យ​យើង​ខ្ញុំ​ផង” ។
កាល​ព្រះ​ឧបគុត្តត្ថេរ​ទទួល​បណ្ដាំ​ពពួក​សត្វ​នរក​ហើយ ​ក៏​ហោះ​ត្រឡប់​មក​កាន់​មនុស្ស​លោក​វិញ បាន​ចូល​ទៅ​ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្សត្រ ១ ព្រះ​អង្គ ព្រះ​មហា​ក្សត្រ​ទ្រង់​នាំ​នាហ្មឺន​សព្វ​មុខ​មន្ត្រី សេដ្ឋី​គហបតី នឹង​អ្នក​នគរ​ជា​ច្រើន​នាក់​ចូល​ទៅ​ក្រាប​បង្គំ​ទុល​ព្រះ​ដ៏​មាន​បុណ្យ​ថា “បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ប្រសើរ​អើយ! បើ​គ្រូ​បាធ្យាយ ម្ដាយ​ឪពុក បង​ប្អូន កូន​ចៅ ញាតិ​មិត្ត​របស់​យើង​ខ្ញុំ អ្នក​ខ្លះ​មិន​បាន​ធ្វើ​បុណ្យ​ឲ្យ​ទាន​រក្សា​សីល​ឡើយ ធ្វើ​តែ​អំពើ​បាប លុះ​អស់​អាយុ​ទៅ ៗ ទៅ​កើត​ក្នុង​នរក​រង​ទុក្ខ​វេទនា អស់​យើង​ខ្ញុំ​ជា​បង​ប្អូន កូន​ចៅ នៅ​ឯ​ក្រោយ​តើ​នឹង​ត្រូវ​ធ្វើ​បុណ្យ​ដូច​ម្ដេច ទើប​ឧទ្ទិស​ផល​ជូន​ទៅ​សត្វ​នរក​ទាំង​នោះ ឲ្យ​ល​ដោះ​ចាក​ទុក្ខ​បាន ? ” ។
ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​តប​ថា ” បើ​មហា​រាជ​ចង់​ធ្វើ​អំពើ​បុណ្យ​កុសល​ឧទ្ទិស​ផល​ជូន​ទៅ​សត្វ​នរក​ទាំង​នោះ​ឲ្យ​ល​ដោះ​រួច​មក ត្រូវ​ធ្វើ​ដូច្នេះ គឺ​ចាប់​ពី​ដើម​ថ្ងៃ ១ រោច ខែ​ភទ្ទបទ​ទៅ ត្រូវ​ធ្វើ​បាយ​បិណ្ឌ បាយ​បិត​បូរ​រាល់​ថ្ងៃ ហើយ​ត្រូវ​ធ្វើ​អង្គ​ព្រះ​ពុទ្ធ​រូប ១ អង្គ ១ ថ្ងៃ ដរាប​ដល់​ថ្ងៃ ១៥ រោច ខែ​ភទ្ទបទ​នោះ​ឯង ត្រូវ​ចង​ពិតាន ពាស​រនាំង​វាំងនន ក្រាល​កម្រាល ត្រូវ​សមាន​ទាន​ចាំ​សីល​ឲ្យ​បរិសុទ្ធ​ប្រាកដ ត្រូវ​បោស​ច្រាស​គ្រវាស​វត្ត​អារាម​ព្រះ​វិហារ ត្រូវ​រៀប​រណ្ដាប់​គ្រឿង​បណ្ណាការ មាន​ភ្ញី​ផ្កា គន្ធ​ពិដោរ​ជា​ដើម ហើយ​ត្រូវ​និមន្ត​ព្រះ​គម្ដែង​សង្ឃ​ដ៏​ទ្រង់​សីល​បរិសុទ្ធ​សូត្រ​ធម៌​មហា​សម័យ ត្រូវ​ប្រកាស​បួងសួង​អញ្ជើញ​គ្រូ​បាធ្យាយ ម្ដាយ​ឪពុក បង​ប្អូន ញាតិ​កាល​ដែល​ចែក​ឋាន​ទៅ​ហើយ​ទាំង​ប៉ុន្មាន មួយ​អន្លើ​ដោយ​ទេវតា ហើយ​ត្រូវ​និមន្ត​លោក​ទេសនា​សាស្ត្រា​វិជ្ជាធរ​ជាតក​ក្នុង​យប់​នោះ លុះ​ព្រឹក​ឡើង​ត្រូវ​ធ្វើ​បាយ​បិណ្ឌ បាយ​បិត្តបូរ មាន​ទាំង​ចង្ហាន់​ផ្លែ​ឈើ​នឹង​សារពើ​ភោជនាហារ​ផង ផ្គូ​ផ្គាប់​រណ្ដាប់​អង្គាស​ដាក់​បាត្រ​ព្រះ​សង្ឃ​ឧទ្ទិស​ផល​ជូន​ទៅ​ដល់​អស់​ពួក​សត្វ​នរក​ទាំង​នោះ ។
ដោយ​អានុភាព​នៃ​អំពើ​កុសល​ផល​បុណ្យ​នោះ សត្វ​នរក​ផង​ទាំង​ឡាយ នឹង​បាន​រំ​ដោះ ចេញ​អំពី​ទុក្ខ​ភ័យ​ឰ​ដ៏​កាល​នោះ បាន​ទៅ​កើត​ឰ​ដ៏​សួគ៌​ទេវលោក​នាយ ហើយ​សឹង​ឲ្យ​ពរ​សព្ទ​​សាធុការ មក​​ញាតិ​សន្ដាន​ដែល​បាន​ធ្វើ​បុណ្យ​ឲ្យ​ទាន​ឧទ្ទិស​ស្មោះ​ចំពោះ​ជូន​ទៅ​នោះ ឲ្យ​មាន​​សុខ​សួស្ដី​ទីឃាយុ​យឺនយូរ​ទីទៃ​ៗ ឰ​ដ៏​កាល​នោះ​ហោង ” ។
២- សាស្ត្រា​អានិសង្ស​បិណ្ឌ មាន​សេចក្ដី​ថា ” ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ចំពោះ​អនាថ​បិណ្ឌិក​សេដ្ឋី ថា អស់​ម្ដាយ​ឪពុក​ញាតិកា​វង្សា​បង​ប្អូន​កូន​ចៅ​របស់​ជន​ទាំងឡាយ ដែល​ស្លាប់​ទៅ​អំពី​មុន​ៗ​នោះ ទោះ​ទៅ​កើត​ឯណា​ៗ​ក្ដី តែ​ដល់​រនោច​ខែ​ភទ្ទបទ​ដែល​គេ​រៀប​កាន់​បិណ្ឌ តែង​តែ​មក​ជួបជុំ​នៅ​ពេល​នោះ ។ ហេតុ​តែ​តេជៈ​អានិសង្ស​នៃ​បុណ្យ​ដែល​អស់​ញាតិ​សន្ដាន​បាន​ធ្វើ​បាយ​បិណ្ឌ​បាយ​បិត្តបូរ​នា​ខែ​ភទ្ទបទ ហើយ​ឧទ្ទិស​ផល​ជូន​ទៅ​នោះ​ក៏​បាន​រំដោះ​រួច​ចេញ​អំពី​នរក​ប្រេត​នោះ​ហោង ” ។
រី​ឯ​សត្វ​នរក​ប្រេត​ផង​ទាំងឡាយ ដែល​មក​កាន់​មនុស្ស​លោក​ក្នុង​ខែ​ភទ្ទបទ​នោះ ប្រេត​ខ្លះ​មក​កើត​ជា​កណ្ដូប​ខ្មោច​ទំ​យំ​នៅ​ដំបូល​ផ្ទះ ខ្លះ​មក​ទំ​យំ​នៅ​ចុង​កាត់​ផ្ទះ ធ្នឹម​ផ្ទះ មាត់​ទ្វារ​ផ្ទះ ជើង​ជណ្ដើរ​ផ្ទះ ដើម​ឈើ​ក្បែរ​ផ្ទះ ប្រេត​ខ្លះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ខ្លះ​មក​ចំអើត​មើល​ទៅ​មក ខ្លះ​បាំង​ដៃ​មើល​មក​អំពី​ចម្ងាយ ហើយ​គិត​អាណិត​អនិច្ចា​ខ្លួន​ថា ” ឱ​រូប​អញ​អើយ ! អភ័ព្វ​អ្វី​ម្ល៉េះ​មក​កើត​ជា​ប្រេត​នរក​រង​ទុក្ខ​វេទនា​ទូរា​ទូរន់​ពន់​ប្រមាណ យូរ​ឆ្នាំ​ហើយ កើត​សម្រេក​គម្លាន​ក្រៃ​ពេក ” ។
សត្វ​នរក​ប្រេត​ទាំង​នោះ កាល​បើ​ដល់​ខែ​ភទ្ទបទ ដែល​ជន​ទាំងឡាយ​បាន​រៀប​រណ្ដាប់​បាយបិណ្ឌ​បាយ​បិត្តបូរ ឧទ្ទិស​ផលានិសង្ស​បញ្ជូន​ទៅ ក៏​សឹង​តែ​បាន​ល​ដោះ​រួច​មក​ហោង ។
ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ថា៖ ហៃ​អនាថ​បិណ្ឌិក ! នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​នោះ​ត្រូវ​ចង​រំយោល​ចង​ទង់-ពិតាន ដាស​ពាស​នូវ​រនាំង​វាំងនន​ជា​ដើម ហើយ​រៀប​រណ្ដាប់​គ្រឿង​បណ្ណាការ គឺ​ទៀន​ធូប​ភ្ញី​ផ្កា​ស្លា​ម្លូ​នឹង​គ្រឿង​គន្ធ​ពិដោរ ព្រម​ទាំង​ផ្លែ​ឈើ​តូច​ធំ​នំ​ចំណី​ភោជនាហារ​ផង បូជា​ព្រះ​សង្ឃ ។
ផលានិសង្ស​នៃ​បុណ្យ​នោះ ក៏​ជូន​ទៅ​ដល់​ជីដូន​ជីតា​ម្ដាយ​ឪពុក​បង​ប្អូន​កូន​ចៅ​ញាតិ​ផៅ​ទាំង​៧ សន្ដាន ដែល​ស្លាប់​ទៅ ៗ កើត​ជា​ប្រេត​នរក​រង​ទុក្ខ​វេទនា​នោះ ឲ្យ​បាន​សម្បត្តិ​សួគ៌​សម្បត្តិ​និព្វាន​ជា​ឋាន​​បរម​សុខ​ប្រសើរ​ហោង។
ហៃ​អនាថ​បិណ្ឌិក! នរូ​បុរស​បុគ្គល​ប្រុស – ស្រី​ឯ​ណា​នីមួយ​បើ​នឹង​រៀប​កាន់​បិណ្ឌ​នោះ ត្រូវ​អញ្ជើញ​អស់​មេបា​ចាស់​ទុំ​ផង​ទាំងឡាយ​មក​អង្គុយ​ជុំវិញ ហើយ​ទុក​លង្វែក​ចន្លោះ​កណ្ដាល​ប្រមាណ ១ ហត្ថ យក​ត្រី​សាច់​អាហារភោជន​នឹង​ផ្លែ​ឈើ​តូច​ធំ អន្សម​នំ​គម​នូវ​ចេក​អំពៅ​ត្រាវ​ដំឡូង​ដូង​ត្នោត​ព្រម​ទាំង​គ្រឿង​បណ្ណាការ​ផង គឺ​យក​ទៀន​ធូប​ភ្ញី​ផ្កា ស្លា​ម្លូ​ប្រេង​ម្សៅ​មក​បូជា​ព្រះ​រតនត្រ័យ ហើយ​ឲ្យ​មេបា​ចាស់​ទុំ​ស្មា​លា​ទោស​ឲ្យ ដ្បិត​ប្រេត​នោះ ផ្ដាំ​មក​ថា ឲ្យ​អស់​ញាតិកា​មេបា​ចាស់​ទុំ​ជីដូន​ជីតា ម្ដាយ​ឪពុក បង​ប្អូន​កូន​ចៅ ស្មា​លា​ទោស​ឲ្យ​ផង កុំ​ឲ្យ​មាន​វេរា​កម្ម​តាម​ទៅ​ឡើយ។
បើ​ក្នុង​ខែ​ភទ្ទបទ​នោះ មិន​មាន​អ្នក​ណា​រៀប​រណ្ដាប់​បាយ​បិណ្ឌ បាយ​បិត្តបូរ​បូជា​ព្រះ​រតន-ត្រ័យ​បញ្ជូន​ផល​ទៅ​ទេ អស់​ប្រេត​នរក​អំបាល​នោះ ក៏​អត់​បាយ​អត់​ទឹក​ស្រេក​ឃ្លាន​រង​ទុក្ខ​វេទនា​ក្រៃ​ពេក ម៉្លោះ​ហើយ​ប្រេត​ទាំង​នោះ ក៏​ជេរ​ប្រទេច​ផ្ដាសា​មក​ញាតិកា​ទាំងឡាយ​ឲ្យ​ហិនហោច​ទ្រព្យ​សម្បត្តិ ព្រាត់​ម្ដាយ​ឪពុក​ប្ដី​ប្រពន្ធ​កូន​ចៅ​ញាតិ​ផៅ​ទាំង ៧ សន្ដាន​ជា​ដើម ។ល។
៣- គម្ពីរ​បេតវត្ថុ មាន​សេចក្ដី​ថា ” មាន​ព្រាន​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណសី​តែង​ទៅ​បាញ់​សត្វ​ក្នុង​ព្រៃ​ចិញ្ចឹម​ជីវិត​រាល់​ថ្ងៃ វេលា​ត្រឡប់​មក​ផ្ទះ​វិញ ពួក​ក្មេង​ៗ តែង​ចោមរោម​សុំ​សាច់​រាល់​ដង ។ ថ្ងៃ ១ ព្រាន​នោះ​ទៅ​បាញ់​មិន​បាន​សត្វ​ក៏​បេះ​ផ្កា​ត្របែក​ព្រៃ (អាចារ្យ​ខ្លះ​ថា​ផ្កា​រាជព្រឹក្ស) ប្រដាប់​ខ្លួន នឹង​រែក​យក​មក​ផ្ទះ​ជា​ច្រើន លុះ​ដល់​ទ្វារ​ភូមិ ពួក​ក្មេង​ៗ មក​សុំ​សាច់​ដូច​សព្វ​ដង​​ទៀត ព្រាន​ក៏​ចែក​ផ្កា​ត្របែក​ព្រៃ​​ឲ្យ​ម្នាក់ ១ ស្មែង ។ លុះ​ព្រាន​នោះ​ស្លាប់​ទៅ ៗ កើត​ជា​ប្រេត​អាក្រាត មាន​ផ្កា​ត្របែក​ព្រៃ​ប្រដាប់​ក្បាល ដើរ​ទៅ​ក្នុង​ទឹក សំដៅ​ទៅ​ផ្ទះ​ញាតិ​របស់​ខ្លួន​ដើម្បី​រក​អាហារ​បរិភោគ ។ វេលា​នោះ កោសិយ​អាមាត្យ ជា​អាមាត្យ​ព្រះ​បាទ​ពិម្ពិសារ​ជិះ​ទូក​ទៅ​បង្ក្រាប​ស្រុក​បច្ចន្តគ្រាម​បាន​ឃើញ​ប្រេត​នោះ សួរ​ដឹង​សេចក្ដី​ហើយ​ក៏​មាន​សេចក្ដី​អាណិត ទើប​និយាយ​ថា ” សត្តូវ​របស់​យើង​មាន​ធ្វើ​ម្ដេច​អ្នក​នឹង​ទទួល​បរិភោគ​បាន ? ” ។ ប្រេត​ឆ្លើយ​ថា ” ក្នុង​ទូក​នេះ​បើ​មាន​ឧបាសក​អ្នក​ដំកល់​ខ្លួន​នៅ​ក្នុង​ត្រៃ​សរណគមន៍ សូម​លោក​ឲ្យ​សត្តូវ​ដល់​ឧបាសក​នោះ ហើយ​ឧទ្ទិស​ចំណែក​កុសល​ឲ្យ​ខ្ញុំ​ចុះ ” ។ កោសិយ​អាមាត្យ​ធ្វើ​តាម ប្រេត​បាន​ទទួល​អនុមោទនា​ហើយ បាន​សេចក្ដី​សុខ ទើប​ផ្ដាំ​ថា ” សូម​ឲ្យ​លោក​មេត្តា​ដល់​ប្រេត​ឯ​ទៀត​ៗ ផង កាល​លោក​ធ្វើ​កុសល​ឯណា​នីមួយ​ហើយ សូម​ឲ្យ​ឧទ្ទិស​ចំណែក​កុសល​ឲ្យ​ប្រេត​ខ្លះ​ផង ” ។ កាល​អាមាត្យ​នោះ​ត្រឡប់​មក​ដល់​ស្រុក​វិញ បាន​ថ្វាយ​ទាន​ចំពោះ​ព្រះ​ពុទ្ធ នឹង​ព្រះ​ភិក្ខុសង្ឃ ហើយ​ក្រាប​ទូល​រឿង​ប្រេត​នោះ​ថ្វាយ​ទ្រង់​ជ្រាប ។ ព្រះ​បរម​សាស្ដា​ទ្រង់​អធិដ្ឋាន​ឲ្យ​ពុទ្ធ​បរិស័ទ​មក​ប្រជុំ​គ្នា ហើយ​ទ្រង់​សំដែង​បេត​និកាយ ( រឿង​ពួក​ប្រេត ) ឲ្យ​ប្រាកដ​ឡើង ដូច​ដែល​បាន​ពោល​មក​ខាង​លើ​នេះ ។
បទ​ពិចារណា​អំពី​របៀប​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ
កាល​ពិចារណា​តាម​រូប​រឿង​ក្នុង​សាស្ត្រា នឹង​គម្ពីរ​ដែល​ពោល​មក​នោះ ឃើញ​ថា៖ របៀប​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ​ក្នុង​កម្ពុជរដ្ឋ​យើង​នេះ ត្រូវ​តាម​សេចក្ដី​ក្នុង​សាស្ត្រា​វិជ្ជាធរ​ខ្លះ សាស្ត្រា​អានិសង្ស​បិណ្ឌ​ខ្លះ គម្ពីរ​បេត​វត្ថុ​ខ្លះ គឺ​ត្រង់​របៀប​រៀប​ចំ​ការ​បុណ្យ​ហើយ​នឹង​កំណត់​ថ្ងៃ-ខែ នឹង​ពេល​ដែល​ធ្វើ ត្រូវ​តាម​សាស្ត្រា​វិជ្ជាធរ នឹង​សាស្ត្រា​អានិសង្ស​បិណ្ឌ​ទាំង​អស់, របៀប​ធ្វើ​ផ្កា​បិណ្ឌ នឹង​កិច្ច​ឧទ្ទិស​ផល​បញ្ជូន​ទៅ​ប្រេត​​តាម​គម្ពីរ​បេត​វត្ថុ​ដោយ​ច្រើន គឺ​ផ្កា​បិណ្ឌ​ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ​ប្រេត គេ​ធ្វើ​ប្រដាប់​ដោយ​ផ្កា​ឈើ​ស្ពាន់​ក្រាប់ ឬ​ក្រដាស​ពណ៌​នោះ​ប្រហែល​នឹង​អាការ​របស់​ប្រេត​ដែល​គម្ពីរ​បេត​វត្ថុ ចែង​ថា ” ប្រេត​មាន​ផ្កា​ត្របែក​ព្រៃ ប្រដាប់​ក្បាល ដើរ​មក​រក​អាហារ​ឯ​ផ្ទះ​ញាតិ​របស់​ខ្លួន​នោះ​ឯង ” ។
ការ​ដែល​ពុទ្ធិក​ជន​ជាតិ​ខ្មែរ នាំ​គ្នា​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​រាល់​ឆ្នាំ មិន​ហ៊ាន​ខាន គឺ​តែ​ដល់​ថ្ងៃ ១ រោច ខែ​ភទ្ទបទ តែង​នាំ​គ្នា​ទៅ​កាន់​បិណ្ឌ​ក្នុង​ទី​អារាម​រាល់​ថ្ងៃ ដរាប​ដល់​ថ្ងៃ ១៥ រោច ហៅ​ថា ” ភ្ជុំ​បិណ្ឌ ” នោះ ទោះ​បី​អ្នក​ក្រី​ក្រ​លំបាក ឬ​អ្នក​ផឹក​ប្រមឹក​យ៉ាង​ណា ក៏​ធ្វើ​ឲ្យ​បាន​យ៉ាង​តិច​ណាស់ ត្រឹម​ថ្ងៃ​ភ្ជុំ​ជា​ថ្ងៃ​បង្ហើយ​ពុំ​ហ៊ាន​ខាន, ទាំង​នេះ​ក៏​ដោយ​ហេតុ​គេ​ជឿ​តាម​សាស្ត្រា​វិជ្ជាធរ​នឹង​សាស្ត្រា​អានិសង្ស​បិណ្ឌ ហើយ​នឹង​ជឿ​តាម​សណ្ដាប់​ចាស់​ៗ ដែល​ធ្លាប់​ធ្វើ​ឲ្យ​ឃើញ​រៀង​មក ប្រកាន់​មាំ​ក្នុង​ចិត្ត គិត​អាណិត​ផង ខ្លាច​ផង, ឯ​អាណិត​នោះ គឺ​អាណិត​ដល់​ជីដូន​ជីតា ដែល​នាំ​គ្នា​មក​ទទួល​យក​ផល ឯ​ខ្លាច​នោះ គឺ​ខ្លាច​ប្រេត​ដែល​មក បើ​មិន​ឃើញ​ម្ដាយ​ឪពុក​បង​ប្អូន​កូន​ចៅ​ញាតិ​ផៅ​ទៅ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​ភ្ជុំ​បិណ្ឌ​ទេ​នឹង​ជេរ​ប្រទេច​ផ្ដាសា​ឲ្យ​ហិនហោច​ខ្លោច​ផ្សា​វិនាស​ទ្រព្យ​សម្បត្តិ ។
ឯ​សាស្ត្រា​វិជ្ជាធរ នឹង​សាស្ត្រា​អានិសង្ស​បិណ្ឌ ក្នុង​កម្ពុជ​រដ្ឋ​យោង​នេះ មាន​តែ​សម្រាយ​ភាសា​ខ្មែរ គ្មាន​ភាសា​បាលី ហើយ​គ្មាន​ឈ្មោះ​អ្នក​តែង មិន​ដឹង​ជា​តែង​ក្នុង​សម័យ​ណា ។ ចំណែក​ឯ​គម្ពីរ​បេត​វត្ថុ​មាន​ទាំង​ភាសា​បាលី ភាសា​ខ្មែរ ហើយ​គម្ពីរ​នេះ ជា​អដ្ឋ​កថា​ព្រះ​ត្រៃ​បិដក​ខុទ្ទក​និកាយ ព្រះ​អាចារ្យ​ធម្មបាល​តែង​ក្នុង​សតវត្ស​ជា​មួយ​នឹង​អដ្ឋកថា​ទាំង​ពួង ។
ឯ​សាស្ត្រា ឬ​គម្ពីរ​ដែល​ចែង​អំពី​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ផល​ឲ្យ​ដល់​​បេត​ជន​ដែល​លះ​លោក​នេះ​​ទៅ​កាន់​បរលោក​នោះ ទោះ​ជា​សាស្ត្រា​សម្រាយ​ក្ដី មិន​ជា​ប្រមាណ​ទេ គឺ​យក​តែ​ត្រង់​ពុទ្ធានុញ្ញាត​ឲ្យ​ធ្វើ​ទក្ខិណានុប្បទាន​ឧទ្ទិស​ផល​ទៅ​ឲ្យ​សត្វ​គ្រប់​ជំពូក ដើម្បី​ឲ្យ​រួច​ល​ដោះ​ចាក​អបាយ​ទុក្ខ​ទាំងពួង នោះ​ឯង ជា​ប្រមាណ ។
បទ​ពិចារណា​អំពី​របៀប​ឧទ្ទិស​ផល នឹង​សែន
គម្ពីរ​នានា​របស់​ពុទ្ធ​សាសនា ចែង​ថា មនុស្ស​ដែល​ស្លាប់​ទៅ​តែង​ទៅ​កើត​ក្នុង​កំណើត​​នានា មនុស្ស​ចិត្ត​អាក្រក់​បាន​ធ្វើ​បាប​ផ្សេង ៗ ដល់​ស្លាប់​ទៅ​តែង​ទៅ​កើត​ក្នុង​កំណើត ១​ហៅ​តាម​ភាសា​បាលី ថា “បេត” ភាសា​សំស្ក្រឹត​ថា ” ប្រេត ” ប្រែ​ជា​ខ្មែរ​ថា ” ជន​ដែល​ធ្វើ​មរណកាល​ទៅ​កាន់​បរលោក ” ។
ពុទ្ធ​សាសនា កាល​បើ​សំដែង​ដល់​រឿង​ប្រេត ច្រើន​ស្រដៀង​គ្នា​នឹង​សាសនា​ព្រាហ្មណ៍ ដែល​ជា​សាសនា​ចាស់​របស់​ប្រទេស​ឥណ្ឌៀ ព្រោះ​ពុទ្ធ​សាសនា ជា​សាសនា​ថ្មី​កើត​ក្រោយ​សាសនា​ព្រាហ្មណ៍ គ្រាន់​តែ​បំបែរ​តម្រែ​តម្រង់​ឲ្យ​ត្រឹម​ត្រង់​ឡើង​តាម​មតិ​របស់​ព្រះ​ពុទ្ធ​ប៉ុណ្ណោះ ។ គម្ពីរ​មហា​វិភង្គ (អាទិកម្ម) ផ្នែក​វិនយ​បិដក ត្រង់​ចតុត្ថ​បារាជិក​កណ្ឌ សំដែង​ពី​ប្រភេទ​របស់​ប្រេត​ថា មាន ១២ ពួក, គម្ពីរ​មិលិន្ទ​បញ្ហា​បំព្រួញ​ថា មាន ៤ ពួក គឺ ឧតូប​ជីវី ប្រេត​ចិញ្ចឹម​ជីវិត​ដោយ​មន្ទិល​គភ៌​នឹង​ខ្ទុះ​ឈាម ១ ពួក ខុប្បបាសិកៈ ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ១ ពួក និជ្ឈាម​តណ្ហិកៈ ប្រេត​ភ្លើង​ឆេះ​ជានិច្ច ១ ពួក បរទត្តូប​ជីវី ប្រេត​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​​ឧទ្ទិស​ឲ្យ ១ ពួក គឺ​ពួក​បរទត្តូប​ជីវី​ប្រេត​នេះ​ហើយ ដែល​យើង​តែង​ធ្វើ​បុណ្យ​កាន់​បិណ្ឌ បុណ្យ​ភ្ជុំ​បិណ្ឌ ឧទ្ទិស​ផល ឬ​សែន​ឲ្យ ។
របៀប​ឧទ្ទិស​ផល ពោល​ដោយ​សង្ខេប គឺ​យក​បង្អែម​ចម្អាប​ដែល​ហៅ​ថា “បិណ្ឌ” នោះ​ទៅ​ប្រគេន​ព្រះ​សង្ឃ វេរ​ប្រគេន​ចំពោះ​ព្រះ​សង្ឃ​ហើយ​ឧទ្ទិស​ផល​ដោយ​វាចា​មាន​ដើម​ថា ” ផល​ទាន​នៃ​យើង​ខ្ញុំ​ទាំង​ឡាយ​នេះ សូម​ឲ្យ​បាន​ទៅ​ដល់​អ្នក​មាន​គុណ​ទាំង​ឡាយ មាន​មាតា​​បិតា​ជា​ដើម​ដែល​ទោ​កាន់​បរលោក​ហើយ ” ។ ធ្វើ​បែប​នេះ​រាល់​ព្រឹក គ្រប់​ថ្ងៃ​ដាក់​បិណ្ឌ នឹង ថ្ងៃ​ភ្ជុំ ។
របៀប​សែន ពោល​ដោយ​សង្ខេប គឺ​គេ​ធ្វើ​តែ​ម្ដង​ក្នុង​ថ្ងៃ​បង្ហើយ​ត្រង់​វេលា​យប់​ថ្ងៃ ១៥ រោច ខែ​ភទ្ទបទ ជា​ថ្ងៃ​ភ្ជុំ​បិណ្ឌ ។ វេលា​សែន​បើ​ជា​ទំនៀម​រាស្ត្រ មហាជន​គ្រប់​ផ្ទះ​តែង​រៀប​ក្រាល​កន្ទេល កម្រាល​មាន​ខ្នើយ ១ ដាក់​ក្បាល​កន្ទេល មាន​សំពត់​ស​ពាស​ពី​លើ​ខ្នើយ មាន​ផ្តឹល​ទឹក ពាន​ស្លា បារី តុ​ថាស​បង្អែម ចំអាប ឆ្វេង-ស្ដាំ រួច​ម្ដាយ​ឪពុក​ប្រមូល​បង​ប្អូន​កូន​ចៅ​នៅ​ក្នុង​ផ្ទះ​មក​ជួបជុំ ហើយ​និយាយ​ប្រតិស្ឋ​អទិស្ឋាន​ថា ” សូម​អញ្ជើញ​ជីដូន​ជីតា​ពិសា​ក្រយាទាំង​នេះ​ឲ្យ​បរិបូណ៌ ” ។
ទំនៀម​ព្រះ​រាជា ក៏​មាន​លំនាំ​ប្រហែល​គ្នា​នឹង​រាស្ត្រ​ដែរ ប្លែក​តែ​ខាង​ព្រះ​រាជ​ពិធី​ធ្វើ​នៅ​ល្ងាច​ថ្ងៃ ១៤ រោច ដោយ​មាន​គ្រឿង​ប្រដាប់​ល្អ​ៗ នឹង​ហៅ​របៀប​សែន​នោះ​តាម​រាជ​សព្ទ​ថា ” ថ្វាយ​ព្រះ​បិតរ ” ដូច​បរិយាយ​ក្នុង​កំណត់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​បិតរ​ខាង​ដើម​មក​ហើយ នឹង​មាន​នាម៉ឺន​សព្វ​មុខ​មន្ត្រី​គាល់​ចាក់​ទឹក​ដូង​ថ្វាយ​ជា​ឧឡារិក​អធិក​អ​ធំ​ជាង​រាស្ត្រ​ប៉ុណ្ណោះ ។
បទ​វិនិច្ឆ័យ​រឿង​សែន
ពិធី​សែន​នំ​ចំណី​ឲ្យ​ផ្ទាល់​ទោ​ខ្មោច ឬ ប្រេត ជា​ពិធី​ខាង​សាសនា​ព្រាហ្មណ៍ ។ ឯ​ពុទ្ធ​សាសនា​មិន​មាន​ពិធី​ដូច្នោះ​ទេ មាន​តែ​ពិធី​ប្រគេន​ទាន​ចំពោះ​ព្រះ​សង្ឃ ឬ​ឲ្យ​ទាន​ដល់​ឧបាសក អ្នក​មាន​ត្រៃសរណគមន៍ នឹង​មាន​សីល ហើយ​បញ្ចេញ​វាចា​ឧទ្ទិស​ផល​ទៅ ដែល​ហៅ​តាម​ភាសា​បាលី ” ទក្ខិណានុប្បទាន ” ប៉ុណ្ណោះ ។ ប៉ុន្តែ​ស្រុក​ខ្មែរ​យើង តាំង​ពី​សម័យ​បុរាណ​រហូត​ដល់​សម័យ​បច្ចុប្បន្ន ទាំង​ព្រះ​រាជា​ទាំង​ប្រជារាស្ត្រ នៅ​វេលា​ដែល​ទ្រង់​ធ្វើ​នឹង​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​​ភ្ជុំ​បិណ្ឌ ដែល​ជា​បុណ្យ​បញ្ជូន​ផល​ទៅ​ដូន​តា​នោះ តែង​ទ្រង់​ធ្វើ នឹង​ធ្វើ​ទាន​ទាំង ២ បែប គឺ​ទាំង​ពិធី​ប្រគេន​ទាន​ចំពោះ​ព្រះ​សង្ឃ​ឧទ្ទិស​ផល​ទៅ​ផង ទាំង​ពិធី​សែន​ផង ។
ទំនៀម​សែន​ដូន​តា ជា​ទំនៀម ១ យ៉ាង ដែល​ពុទ្ធិក​ជន​ខេមរជាតិ​ទួទៅ​ទាំង​ប្រទេស​កម្ពុជា ធ្លាប់​ប្រព្រឹត្ត​ជា​យូរយារ​ណាស់​មក​ហើយ​តែ​ទំនៀម​នេះ ខេមរជន​មិន​មែន​ផ្ដើម​ធ្វើ​ខ្លួន​ឯង​មុន​គេ​បំផុត​ទេ គឺ​ធ្វើ​តាម​ទំនៀម​ឥណ្ឌូ​នៅ​ប្រទេស​ឥណ្ឌៀ ដ្បិត​ប្រវត្តិសាស្ត្រ​ខ្មែរ​ពោល​ថា ” ជាតិ​ខ្មែរ មាន​ពូជ​ពង្ស​ត​មក​ពី​ប្រទេស​ឥណ្ឌៀ ព្រោះ​ហេតុ​នេះ​ទើប​ខ្មែរ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ នឹង​ភ្ជុំ​បិណ្ឌ​មាន​ធ្វើ​ទាំង​កិច្ច​សែន​ផង ជាប់​ជា​ប្រពៃណី​ទាំង​ព្រះ​រាជា​ទាំង​ប្រជារាស្ត្រ ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន ។
បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ ក្នុង​កម្ពុជរដ្ឋ ផ្ដើម​ធ្វើ​ពី​ក្នុង​រជ្ជកាល​ណា ? ពុទ្ធ​សករាជ​ប៉ុន្មាន ?
បណ្ហា​រឿង​ដើម​ពី​កំណើត​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ ក្នុង​ប្រទេស​កម្ពុជា​នេះ ជា​បញ្ហា​លំបាក​ដោះ​ស្រាយ មិន​ងាយ​នឹង​សម្រេច​ឲ្យ​ប្រាកដ​ថា ផ្ដើម​ធ្វើ​ពី​រជ្ជកាល​ណា ឬ​ពុទ្ធ​សករាជ​ប៉ុន្មាន ឲ្យ​ប្រាកដ​បាន​ទេ ដ្បិត​ពង្សាវតារ​ក្រុង​កម្ពុជា ពុំ​មាន​ចែង​ឲ្យ​ច្បាស់​ឡើយ ឃើញ​មាន​តែ​រាជ​ពង្សាវតារ​មួយ ក្នុង​រជ្ជកាល​ព្រះ​ករុណា​បរមកោដ្ឋ ( ព្រះ​អង្គ​ឌួង ព.ស. ២៣៩១ – ២៤០៤ គ.ស. ១៨៤៨ – ១៨៥៩ ) ឈ្មោះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា រជ្ជកាល​ព្រះ​បរម​កោដ្ឋ អក្សរ​ខ្មែរ​ច្បាប់​សរសេរ​ដៃ​របស់​អ្នក​ឧកញ៉ា​យោមរាជ ឈុន ដែល​មាន​ក្នុង​បណ្ណាល័យ នៃ​ពុទ្ធសាសនបណ្ឌិត្យ លេខ គ.២៨ និយាយ​បន្តិច​ថា ” ថ្ងៃ ១ រោច ខែ​ភទ្ទបទ កាន់​បិណ្ឌ​ក្នុង​ព្រះ​រាជ​វាំង ថ្ងៃ ១៤ រោច ខែ​ភទ្ទបទ ព្រះ​រាជា​ទ្រង់​ចេញ​ថ្វាយ​ព្រះ​បិតរ ថ្ងៃ ១៥ រោច ខែ​ភទ្ទបទ ទេសនា​គាថា​ពាន់ ” ប៉ុណ្ណោះ ។
ដក​ស្រង់​អត្ថបទ​ទាំង​ស្រុង​ពី​សៀវភៅ ព្រះរាជពិធី​ទ្វារ​ទសមាស ភាគ​ទី ២
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s